June 11, 2010
នាគគឺជាសត្វម៉្យាងដែលមានរូបរាងស្រដៀងនឹងសត្វពស់ ប៉ុន្តែការបង្ហាញរូបនាគ ច្រើនមានក្បាលមួយ ឬ ច្រើន ជួនមានស្រកា ឬមានជើងក៏មាន ។ សម្រាប់ប្រជាជនខ្មែរ នាគមានអត្ថន័យយ៉ាងខ្ពង់ខ្ពស់ ជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សទៅឋានទេវតា មិនតែប៉ុណ្ណោះក៏ជានិមិត្តរូបនៃការការពារ និងថែរក្សាសម្បត្តិទ្រព្យប្រកបដោយរិទ្ធានុភាពផងដែរ ។ ម្លោះហើយយើងឃើញមានវត្តមាននាគ ស្ទើរគ្រប់ទីកន្លែងចាប់តាំងពីនៅលើឧបករណ៌ប្រើប្រាស់ គ្រឿងតុបតែងខ្លួន គ្រឿងលម្អស្ថាបត្យកម្ម ក្នុងពិធីសាសនា និងក្នុងជំនឿអរូបិយ ។ នាគបង្ហាញក្នុងរូបភាពខុសៗគ្នា តាមបែបព្រហ្មញ្ញសាសនា និង ពុទ្ធសាសនាហើយគេអាចស្គាល់ឈ្មោះរបស់នាគទាំងនោះបានតាមចំនួន ក្បាលរបស់នាគ ។ នាគក្នុងព្រហ្មញ្ញសាសនា មាននាគក្បាល៣(នាគកល្យៈ) ជានាគតំណាងឲ្យសភាវៈអាក្រក់ ក្នុងរឿងមហាភារតៈ នាគក្បាល៥(នាគអនន្ត) ជាគ្រែផ្ទុំរបស់ព្រះនារាយ៍ និងនាគក្បាល៩(នាគវ៉ាសុគីឬពាសស្រកី ឬសេសៈ) ជានាគដែលពួកទេវតា និងអសូរៈយកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ ។ នៅក្នុងពុទ្ធសាសនា មាននាគក្បាល៧(នាគមុជ្ជលិន្ទ) ដែលប្រក់ការពារព្រះសាមាសម្ពុទ្ធ ពេលទ្រង់សមាធិ ពីភ្លៀង ខ្យល់ និងថ្ងៃ ចំណែកឯនាគក្បាល១វិញ ច្រើនប្រើលម្អលើគ្រឿងអលង្កា ។
នាគ ត្រូវបានគេបែងចែកជាបួនពួកផ្សេងៗគ្នា ពួកទី១ ហៅថានាគសួគ៌ មានមុខងារថែរក្សាវិមានទេវតា ពួកទី២ ជានាគអាកាស មាននាទីជាអ្នកបណ្តាលឲ្យមានភ្លៀងធ្លាក់ ពួកទី៣ ជានាគលោកបាល មាននាទី ថែរក្សាសមុទ្រ និងទន្លេ ពួកទី៤ ជានាគការពារកំណប់ទ្រព្យ មាននាទីការពារ ថែរក្សាទ្រព្យដែលកប់នៅក្នុង ផែនដី ។
យ៉ាងណាក៏ដោយសម្រាប់ប្រជាជនខ្មែរ ពួកគេមានជំនឿថាពួកគេមានដើមកំណើតពី នាគ ដែលព្រះនាងនាគ បុត្រីស្តេចភុជង្គនាគ បានរៀបអាពាហ៌ពិពាហ៌ជាមួយមនុស្សប្រុសម្នាក់មានឈ្មោះថា ព្រះថោង ក៏បានបង្កើត ជាប្រជាជនខ្មែរ។ ដូចនេះហើយទើបបានជាមានការបកស្រាយជាច្រើនពីបញ្ហានេះ ហើយក៏មានរឿងនិទាន ផ្សេងៗជាច្រើនផងដែរ។ ជាងនេះទៅទៀតនាគ មានវត្តមានយ៉ាងជិតដិតជាមួយប្រជាជនខ្មែរ មិនថាក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ សាសនា ជំនឿ សិល្បៈ និងស្ថាបត្យកម្មនោះទេ ម្លោះហើយនាគ នៅតែងដក់ជាប់ នឹងផ្នត់គំនិតខ្មែរយ៉ាងជ្រៅ និងមានភាពស្មុគស្មាញដែលមិនអាចនឹងយល់បានដោយងាយ៕៚






