អំពីយើង
តើទស្សនាវដ្ដី "កេរដំណែលខ្មែរ" ជាអ្វី?
ទស្សនាវដ្ដី "កេរដំណែលខ្មែរ" គឺជាទស្សនាវដ្ដីដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្នែកសិល្បៈ និងបុរាណវិទ្យា ដែលបង្ហាញចំពោះអ្នកអានទាំងឡាយ ដែលពាក់ព័ន្ធវិស័យវប្បធម៌ បុរាណវិទ្យា ប្រវត្តិសាស្ត្រ សិលាចារិក ជាតិពិន្ទុវិទ្យា សិក្សាស្រាវជ្រាវសង្គម ទេសចរណ៍... ។ល។ ទស្សនាវដ្ដីនេះនឹងផ្ដល់ព័ត៌មានជូនដល់អ្នកអានផងដែរ នូវការងារស្រាវជ្រាវសង្គម និងបុរាណវិទ្យានៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក ដូចជា ការតាំងពិព័ណ៌ ការប្រជុំ សិក្ខាសាលា អត្ថបទស្រាវជ្រាវផ្សេងៗ ដែលទាក់ទងនឹងបុរាណវិទ្យា។
តើក្រុមអ្នកស្រាវជ្រាវ និងបង្កើតទស្សនាវដ្ដី "កេរដំណែលខ្មែរ" ជានរណា?
អ្នកស្រាវជ្រាវ និងអ្នកបង្កើតទស្សនាវដ្ដីនេះ គឺក្រុមហ៊ុននិស្សិត និងសាស្ត្រាចារ្យខ្មែរ និងបរទេសមួយក្រុម ដែលបាននិងកំពុងសិក្សានៅក្នុង និងក្រៅប្រទេសលើផ្នែកបុរាណវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា ទេសចរណ៍ សេដ្ឋកិច្ច និងព័ត៌មានវិទ្យា... ។ល។ ដែលមានទឹកចិត្តស្រឡាញ់វប្បធម៌ និងអារ្យធម៌របស់ខ្មែរ ហើយមានឆន្ទៈចង់លើកស្ទួយ និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះឲ្យនៅស្ថិតស្ថេរគង់វង្សជារៀង រហូត កុំឲ្យបាត់បង់នូវអត្តសញ្ញាណជាតិដែលមានអាយុកាលជាហយូរលង់ណាស់មក ហើយ។ ក្រុមអ្នកស្រាវជ្រាវទាំងនេះ គឺជាសមាជិកក្រុមស្ថាបនិកនៃ "មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វប្បធម៌កម្ពុជា"។
គោលបំណងនៃការផ្សព្វផ្សាយទស្សនាវដ្ដី
ទស្សនាវដ្ដី "មរតកខ្មែរ" រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានដល់អ្នកអាន និងមហាជនទូទៅ នូវអ្វីដែលហៅថាតម្លៃឲ្យកាន់តែខ្លាំង។ ចំពោះរាល់អត្ថបទទាំងអស់ដែលត្រូវយកមកចុះផ្សាយនៅក្នុង ទស្សនាវដ្ដីនេះគឺសរសេរឡើងដោយប្រើពាក្យសម្រាយ ដោយមិនផ្ដោតសំខាន់ទៅលើបញ្ហាបច្ចេកទេសពេកទេ សំដៅធ្វើយ៉ាងណា ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកអានគ្រប់ស្រទាប់វណ្ណៈ។
តើទស្សនាវដ្ដីនេះ ធ្វើឡើងសម្រាប់នរណា?
សិស្ស និស្សិត បញ្ញាវ័ន្ត និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជន និងយុវតីជំនាន់ក្រោយ គឺជាគោលដៅចម្បងបំផុតនៃការផ្សព្វផ្សាយទស្សនាវដ្ដី "កេរដំណែលខ្មែរ"។ អ្នកអានទាំងអស់អាចដឹង ស្វែងរកនូវព័ត៌មានគ្រប់បែបយ៉ាង ដែលទាក់ទងនឹងការងារស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ សិលាចារិក ទេសចរណ៍ និងសិក្សាស្រាវជ្រាវសង្គម ទាំងនៅក្នុង និងក្រៅប្រទេស តាមរយៈអាសយដ្ឋាននៃគេហទំព័រដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្ដី នេះ។ ម្យ៉ាងវិញទៀត រាល់ព័ត៌មានសង្ខេបផ្សេងៗស្ដីអំពីស្ថាប័នស្រាវជ្រាវផ្នែកវប្បធម៌នៃ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងនៅគ្រប់ទីកន្លែងនៅលើពិភពលោក ក៏មានណែនាំនៅក្នុងទស្សនាវដ្ដី "កេរដំណែលខ្មែរ" នេះផងដែរ។
អ្នកសរសេរអត្ថបទស្រាវជ្រាវ
ថ្វីត្បិតតែក្រុមការងាររៀបចំទស្សនាវដ្ដី "កេរដំណែលខ្មែរ" មានអ្នកសរសេរអត្ថបទស្រាវជ្រាវក៏ពិតមែន ប៉ុន្តែយើងខ្ញុំក៏នៅតែរង់ចាំទទួលស្វាគមន៍នូវរាល់អត្ថបទទាំងឡាយ របស់អ្នកស្រាវជ្រាវ ដែលទាក់ទងនឹងផ្នែកវប្បធម៌ និងអារ្យធម៌ខ្មែរ ដើម្បីឲ្យមានអត្ថបទស្រាវជ្រាវសម្រាប់ទស្សនាវដ្ដីកាន់តែសម្បូរបែប។ លោកអ្នកអានក៏អាចផ្ញើជាលិខិតដើម្បីកែតម្រូវនូវរាល់ព័ត៌មាន ទាំងឡាយណាដែលយើងខ្ញុំបានចុះផ្សាយ និងដើម្បីរិះគន់ក្នុងន័យស្ថាបនានូវរាល់កំហុសឆ្គង ដែលកើតមានឡើងដោយអចេតនា។
សប្បុរសជនដែលជួយឧបត្ថម្ភដល់ទស្សនាវដ្ដី
នៅក្នុងលេខទី ១ នៃទស្សនាវដ្ដី "មតរតក ខ្មែរ" នេះក្រុមការងាររៀបចំ មានសេចក្ដីសោមនស្ស និងសូមថ្លែងនូវព្រះអំណរគុណ ដ៏ស្មោះអស់ពីដួងចិត្ត ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ បានជួយគាំទ្រយ៉ាងស្មោះអស់ពីដួងព្រះហឫទ័យ ចំពោះក្រុមការងារយើងខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គបានព្រះមេត្តាប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា របស់ព្រះអង្គ ដើម្បីជំរុញឲ្យទស្សនាវដ្ដីនេះលេចចេញរូបរាងឡើង។ ម្យ៉ាងវិញទៀត ព្រះអង្គក៏មានព្រះរាជបន្ទូលផងដែរ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារយើងខ្ញុំ ក្នុងការខិតខំប្រឹងប្រែង និងសំដៅធ្វើយ៉ាងណាបន្តការងាររៀបចំនេះតទៅទៀត។
គម្រោងបោះពុម្ពទស្សនាវដ្ដី "កេរដំណែលខ្មែរ" ឆ្នាំ២០០៩-២០១០
ទស្សនាវដ្ដី "កេរដំណែលខ្មែរ" នឹងចេញផ្សាយនៅរៀងរាល់ ៣ខែម្ដង ហើយនៅក្នុងឆ្នាំ២០០៩នេះ ក្រុមការងារយើងខ្ញុំ មានគម្រៀងបោះពុម្ពផ្សាយទស្សនាវដ្ដីចំនួន ៤ ច្បាប់ គឺ ច្បាប់លេខ ១, លេខ ២, លេខ ៣ និងលេខ ៤។
សេចក្ដីអំពាវនាវរកអ្នកឧបត្ថម្ភចំពោះ ទស្សនាវដ្ដី
ការងាររៀបចំទស្សនាវដ្ដី "កេរដំណែលខ្មែរ" អាចបន្តនិរន្តភាព និងដំណើរការទៅបាន ក៏ដោយសារមានការគាំទ្រពីសំណាក់សប្បុរសជន អង្គការ ស្ថាប័នរដ្ឋ និងឯកជន វិទ្យាស្ថាន និងជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលមានចិត្តស្រឡាញ់ គាំទ្រ និងថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្ស និងសំដៅធ្វើយ៉ាងណា ឲ្យក្រុមការងារយើងខ្ញុំ អាចបន្តអនុវត្តទៅលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រងស់ខ្លួន បម្រើជូនដល់ប្រជាពលរដ្ឋ។






